មន្ត្រីអាវុធហត្ថខេត្តតាកែវម្នាក់ក្រោយពីមានជម្លោះបន្តិចបន្តួចបានជិះម៉ូតូដេញបាញ់ពលរដ្ឋទាំងកំរោល

មន្ត្រីអាវុធហត្ថខេត្តតាកែវម្នាក់ក្រោយពីមានជម្លោះបន្តិចបន្តួចបានជិះម៉ូតូដេញបាញ់ពលរដ្ឋទាំងកំរោល
 
ByPY-News
16/02/2022
(ខេត្តតាកែវ) ៖យោងតាមពាក្យបណ្ដឹងរបស់ឈ្មោះ ចាក សុវណ្ណរ៉ា ភេទប្រុស អាយុ ៣៨ ឆ្នាំ រស់នៅភូមិសំបូរ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ បានដាក់ពាក្យបណ្ដឹងប្ដឹង មន្ត្រីកងរាជអាវុធហត្ថខេត្តតាកែវម្នាក់មានឈ្មោះមឹក ជុង បម្រើការជាជំនួយការផ្នែកព្រហ្មទណ្ឌ ជូនឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ រឿងករណីមន្ត្រីកងរាជអាវុធហត្ថខេត្តតាកែវម្នាក់បានបើកបរម៉ូតូ១គ្រឿងធ្វើសកម្មភាពបាញ់ប្រហារជាច្រើនគ្រាប់យ៉ាងកំរោលទៅលើគ្រួសាររបស់គាត់ដែលកំពុងបើកបររថយន្ត ក្រោយមានទំនាស់ពាក្យសម្តីនិងប្រតាយប្រតប់គ្នាបន្តិចបន្ទួច។
តាមការបញ្ជាក់ពីឈ្មោះ ចាក សុវណ្ណរ៉ា ភេទប្រុស អាយុ៣៨ ឆ្នាំ និងប្រពន្ធ ដែលរស់នៅភូមិសំបួរ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ ជាជនរងគ្រោះក្នុងហេតុការណ៍បាញ់ប្រហារពីមន្ត្រីអាវុធហត្ថរូបនេះបានប្រាប់មកអង្គភាពយើងថា៖
កាលពីថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង២២និង៣៥នាទីខ្លួនបានបើកបររថយន្តជូនឪពុកមា ទៅផ្ទះដែលនៅក្បែរគ្នា ក៏បានជួបឈ្មោះ មឹក ជុង កំពុងតែហូបចុកស្រវឹងនិងបានហៅពូរបស់ខ្លួនហូបស្រាជាមួយដោយសម្តីអាមឹង មិនសមរំ។ ភ្លាមៗនោះជនរងគ្រោះក៏ប្រាប់ថា ពូខ្លួនអាយុច្រើនហើយ កុំហៅគាត់ អាៗចឹង រហូតមានទំនាស់ពាក្យសម្តីនិងប្រតាយប្រតប់គ្នាបន្តិចបន្ទួចទៅ។
 
ជនរងគ្រោះបានបន្តថា ក្រោយមានការប្រតាយប្រត់បគ្នា ខ្លួនបានបើករថយន្តនាំប្រពន្ធកូនត្រឡប់មកផ្ទះវិញ ជិះបានប្រហែល៥០០ម៉ែត្រ ស្រាប់តែឈ្មោះ មឹក ជុង ជិះម៉ូតូម៉ាក PCX មានដឹកស្រីស្នេហ៍ម្នាក់តាមមកពីក្រោយ និងដកកាំភ្លើងខ្លីបាញ់សំដៅមកខ្លួនចំនួន៣ ទៅ៤គ្រាប់ បណ្តាលឲ្យត្រូវតួរថយន្តខាងក្រោយត្រូវ១គ្រាប់ និង ខាងស្តាំត្រូវ១គ្រាប់ ហើយក៏បានដួលម៉ូតូទៅ ទើបខ្លួនគេចផុតពីការបាញ់ប្រហារនោះ។
ជុំវិញករណីនេះ លោកឧត្តមសេនីត្រី ឡា ឡៃ មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ បានឲ្យដឹងនៅព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២នេះថា ករណីនេះ ផែនជំនាញនៃកងរាជអាវុធហត្ថខេត្តតាកែវកំពុងពន្លឿនដោះស្រាយតាមនីតិវិធីជូនជនរងគ្រោះហើយ។
 
ចំណែកមហាជនដែលដឹងរឿងហេតុការណ៍ ពិសេសជនរងគ្រោះមានប្រពន្ធនិងកូន៤នាក់ដែលរួចផុតជីវិត ពីការតាមបាញ់ប្រហារយ៉ាងកំរោលពីមន្ត្រីអាវុធហត្ថខាងលើ កំពុងតែទន្ទឹងរង់ចាំមើលចំណាត់ការផ្លូវច្បាប់ ខណៈករណីនេះបានកើតឡើង១០ថ្ងៃមកហើយ មិនទាន់មានការសម្របសម្រួលរវាងភាគីណាមួយនោះទេ ហើយជនបង្កនៅតែមានសេរីភាពមិនត្រូវបានអនុវត្តតាមនីតិវិធីទោសទន់ ឬមួយមេចិត្តមិនដាច់ពីកូនចៅ៕
 

ព័ត៌មាន ថ្មីៗ

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បើកកិច្ចប្រជុំត្រួតពិនិត្យ ផែនការការពារ សន្តិសុខ និង កម្លាំង មធ្យោបាយ បរិក្ខារបំពាក់ ដើម្បីត្រៀមបំពេញបេសកកម្មចំពោះមុខ!
ពិធីប្រណាំង «រទះគោសាឡី» ដើម្បីចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ
សួស្តីឆ្នាំថ្មី! លោក ឧត្តមសេនីយ៍ ម៉េង ស្រ៊ុន មេបញ្ជាការ បានរៀបចំកម្មវិធីដំណើរកម្សាន្តជូនដល់នាយទាហាន នាយទាហានរងទាំងអស់ នៃកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ទៅកាន់ខេត្តព្រះសីហនុ......
សម្តេច ម៉ែន សំអន អញ្ជើញប្រារព្ធពិធីជូនពរ និងអបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នៅខេត្តស្វាយរៀង
លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន បានអញ្ជើញចូលរួមក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារ និងសម្ភោធឆ្លងសមិទ្ធផលនានា ក្នុងវត្តត្រពាំងស្នោរ.....
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ណែនាំឱ្យពង្រឹងមុខងាររបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ស្របតាមការវិវឌ្ឍនៃនគរូបនីយកម្ម ប្រជាសាស្ត្រ និងភូមិសាស្ត្រ