អភិបាលខេត្តរតនគិរី ទទួលជួបពិភាក្សាការងារជាមួយ គណៈប្រតិភូទីភ្នាក់ងារស្វីស សម្រាប់ការអភិវឌ្ឍជំនាញ និងកិច្ចសហប្រតិបត្តិការ

អភិបាលខេត្តរតនគិរី ទទួលជួបពិភាក្សាការងារជាមួយ គណៈប្រតិភូទីភ្នាក់ងារស្វីស សម្រាប់ការអភិវឌ្ឍជំនាញ និងកិច្ចសហប្រតិបត្តិការ
2022-01-26 03:03pm
(រតនគិរី)៖ នៅព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២នេះ លោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី បានទទួលជួប គណៈប្រតិភូទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍជំនាញ និងកិច្ចសហប្រតិបត្តិការ (SDC) នៅសាលាខេត្ត។
 
ក្នុងជំនួបនាឱកាសនេះ លោកស្រី Nadia Ottiger អនុប្រធាននៃទីភ្នាក់ងារស្វីស សម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការប្រចាំប្រទេសកម្ពុជា (SDC) បានលើកឡើងពីគោលបំណងនៃការចូលជួបនាឱកាសនេះ គឺដើម្បីចូលជួបសម្ដែងការគួរសម ស្នើសុំការតម្រង់ទិស និងភ្ជាប់ទំនាក់ទំនងការទូត សំដៅឲ្យការអនុវត្តកម្មវិធីអភិវឌ្ឍន៍ជំនាញ (SDP) ទទួលបានជោគជ័យនៅខេត្តរតនគិរី។
 
លោកស្រីបន្ថែមថា កម្មវិធីអភិវឌ្ឍន៍ជំនាញ (SDP) គឺមានគោលដៅសម្រាប់ជួយដល់យុវជន យុវតី ដែលជួបការលំបាក និងកម្មករជំនាញទាបនៅក្នុងខេត្តចំនួនប្រាំ នៃប្រទេសកម្ពុជា (ព្រះវិហារ ស្ទឹងត្រែង ក្រចេះ មណ្ឌលគិរី និងរតនគិរី) ដើម្បីឲ្យពួកគេទទួលបានការងារសមរម្យ និងប្រាក់ចំណូលកើនឡើង ហើយកម្មវិធីនេះ មានគោលបំណងសំខាន់ចំនួនពីររួមមាន៖
 
*ទី១៖ គាំទ្រដល់ប្រព័ន្ធអប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវៈបច្ចេកទេសកម្ពុជា (TVET) ឲ្យកាន់តែមានប្រសិទ្ធភាពក្នុងខេត្តគោលដៅ
*ទី២៖ លើកកម្ពស់ការងារ និងប្រាក់ចំណូលរបស់យុវជន និងយុវនារី ដែលជួបការលំបាក និងកម្មករជំនាញទាប តាមរយៈបច្ចេកទេស ជំនាញ ជំនាញទន់ និងជំនាញសហគ្រិនភាព។
 
បន្ថែមពីនោះលោកស្រី ក៏បានថ្លែងអំណរគុណដល់ភាគីពាក់ព័ន្ធទាំងអស់ ដែលបានសហការគ្នាយ៉ាងល្អ ដើម្បីធ្វើឲ្យគម្រោងមួយនេះដំណើរការបានយ៉ាងល្អ ដោយលោកស្រីសង្កេតឃើញថា នៅមជ្ឍមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្ត មានសិស្សស្រីបានមកចូលរៀនច្រើន ព្រមទាំងមានសិស្សជាជនជាតិដើមភាគតិច និងសិស្សានុសិស្សដែលក្រីក្រ និងមានជីវភាពលំបាកៗ សុទ្ធតែបានមកចូលរៀនដោយស្មើភាពគ្នា និងទទួលបានចំណេះជំនាញដូចៗគ្នា។
 
លោក ញ៉ែម សំអឿន បានថ្លែងស្វាគមន៍ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ SDC ដែលបានឧបត្ថម្ភ គាំទ្រដល់មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តរតនគិរី ដើម្បីបណ្ដុះបណ្ដាលធនធានមនុស្ស អភិវឌ្ឍជំនាញ និងបង្កើតចំណូលដល់ប្រជាពលរដ្ឋ។
 
លោកអភិបាលខេត្ត ក៏បានសំណូមពរដល់ ទីភ្នាក់ងារស្វីស សម្រាប់ការអភិវឌ្ឍជំនាញ និងកិច្ចសហប្រតិបត្តិការ បន្ដជួយឧបត្ថម្ភគាំទ្រ ដល់មជ្ឈមណ្ឌលបណ្ដុះបណ្ដាល វិជ្ជាជីវៈខេត្ត នូវសម្ភារបច្ចេកទេសនានា សម្រាប់ប្រើប្រាស់ក្នុងការបង្រៀន ព្រមទាំងជួយបណ្ដុះបណ្ដាលនូវជំនាញថ្មីៗបន្ថែមទៀត លើជំនាញអគ្គិសនី សំណង់ ជំនាញជួសជុលម៉ាស៊ីនត្រជាក់ និងបរិក្ខារនានា និងជំនាញជួសជុលរថយន្ដជាដើម។
 
ឆ្លៀតក្នុងឱកាសនេះ លោកអភិបាលខេត្ត ក៏បានបង្ហាញពីសក្ដានុពលរបស់ខេត្តរតនគិរីដែលមាន៣ធំៗសំខាន់ ដែលក្នុងនោះមាន វិស័យអេកូទេសចរណ៍ វិស័យកសិ-ឧស្សាហកម្ម និងវិស័យរ៉ែ ដែលជាចំណែកយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍខេត្តរតនគិរី៕

ព័ត៌មាន ថ្មីៗ

ប៉ូលិសស្រុកបាទីចាបឃាត់ខ្លួនម្ចាស់មន្ទីរសម្រាកព្យាបាលនិងសម្ភព សុងហាក់ ម៉ារីណា ពីរនាក់ប្ដីប្រពន្ធហើយ ពាក់ព័ន្ឌករណីចាក់ថ្នាំឲ្យជនរងគ្រោះស្លាប់និងយកក្មេងស្រីអាយុ៣ឆ្នាំប្លុងចោល
ឯកឧត្តមបណ្ឌិត ទូច វណ្ណៈ និងលោកជំទាវ ហោ វ៉ាន់នី អញ្ជើញជាអធិបតីពិធីបើកការប្រណាំងទូក ង ខ្នាតតូច ស្រុកមេសាង ឆ្នាំ២០២៤
ឧត្តមសេនីយ៍ត្រី សៀ ទីន ត្រួតពិនិត្យ កម្លាំង មធ្យោបាយ បរិក្ខារបំពាក់ ដើម្បីចូលរួមការពារ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ខេត្តសៀមតរាប ឆ្នាំ២០២៤!
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បើកកិច្ចប្រជុំ ត្រួតពិនិត្យ កម្លាំង មធ្យោបាយ បរិក្ខារបំពាក់ ដើម្បី ចូលរួម​ការពារ​ ព្រះរាជពិធីបុណ្យ​អុំទូក​ បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក!
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងឯកអគ្គរដ្ឋទូតថ្មីម៉ាឡេស៊ី ពិភាក្សាអំពីការរួមគ្នាដោះស្រាយបញ្ហាឧក្រិដ្ឋកម្មឆ្លងដែន ជាសកល
ពិធីបុណ្យអុំទូកនៅខេត្តរតនគិរីរយៈពេល២ថ្ងៃត្រូវបានបញ្ចប់ដោយជោគជ័យ ខណៈមានភ្ញៀវទេសចរជាតិ អន្តរ ជាតិនិងប្រជាពលរដ្ឋក្នុងខេត្តចូលរួមទស្សនាយ៉ាងសប្បាយរីករាយ!​