ឯកឧត្តម ញ៉ែម សំអឿន អញ្ជើញបើកបវេសនកាល ឆ្នាំសិក្សា២០២១-២០២២ នៅសាលា សម្ដេចឪ សម្ដេចម៉ែ ក្រុងបានលុង
ថ្ងៃចេញផ្សាយៈ ១២/០១/២០២២
ខេត្តរតនគិរី ៖ ដោយសារជំងឺឆ្លងជាសកល លើពិភពលោក កូវីដ.១៩ បានធ្វើឲ្យប្រទេសនីមួយៗ មានវិបត្តិសេដ្ឋកិច្ច ប្រជាជនមានទុកលំបាកក្នុងការរស់ ដោយសារកាត្តាជីវភាព។ ចំណែកវិស័យអប់រំ ក៏មានការធ្លាក់ចុះ បើទោះជាមានការខិតខំប្រឹងប្រែងរិះរកគ្រប់វិធី ពីសំណាក់រាជរដ្ឋាភិបាល និងក្រសួងអំប់រំ យុវជន និងកីឡា ដើម្បីទ្រទ្រង់ លើវិស័យនេះ យ៉ាងណាក៏ដោយ។ ក៏ប៉ុន្តែវិស័យអប់រុំ ត្រូវបានងើបឡើងវិញ បន្ទាប់ពី ជំងឺឆ្លងកូវីដ.១៩ ត្រូវបានផ្សាំដោយវិធីជំរុញឲ្យប្រជាពលរដ្ឋចាក់វ៉ាក់សាំង និងអនុវត្តតាមសេចក្ដីណែនាំរបស់ក្រសួងសុខាភិបាល គឺ៣កុំ និង ៣ការពារ។
ជាការពិត នៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២២ មន្ទីរអប់រំ យុវជន និងកីឡាខេត្តរតនគិរី បានប្រារព្ធពិធីបើកបវេសនកាល ឆ្នាំសិក្សា ២០២១-២០២២ ក្រោមអធិបតីភាព ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី។ ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់អភិបាលរងខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបី ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សជាច្រើនរយនាក់ ដែលប្រព្រឹត្តទៅនៅវិទ្យាល័យសម្តេចឪ-សម្តេចម៉ែ ស្ថិតក្នុងក្រុងបានលុង។
ថ្លែងទៅកាន់សិស្សានុសិស្សប្រមាណ៣០០នាក់ ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្ត បានលើកទឹកចិត្តដល់ ប្អូនៗក្មួយៗ ខិតខំសិក្សារៀនសូត្រ សូមចាប់យកប៊ឹច សៀវភៅ សាលារៀនជាមិត្តសំឡាញ់ រៀនអភិវឌ្ឍខ្លួនឯង និងរៀនដើម្បីគ្រួសារ និងសង្គមជាតិ ហើយចាកចេញ និងបោះបង់ចោលភាពជាក្មេងទំនើងគ្រប់រូបភាព ដាច់ខាតចាកចេញឲ្យឆ្ងាយពីការប្រើប្រាស់គ្រឿងញៀន ដែលជាសត្រូវរបស់ខ្លួនឯង គ្រួសារ និងសង្គមជាតិ។
ជាមួយគ្នានេះ ឯកឧត្តមបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ វត្តមានដ៏ឧត្តុង្គឧត្តម របស់លោក លោកស្រី ពិសេសមន្ត្រីរាជការ នៃមន្ទីរអប់រំយុវជន និងកីឡាទាំងអស់ ដែលកំពុងតែបានចូលរួមយ៉ាងសកម្ម ក្នុងយុទ្ធនាការប្រមូលកុមារចូលរៀន ដែលជាការលើកទឹកចិត្តដល់ប្អូនៗ ក្មួយៗ ឱ្យខិតខំរៀនសូត្រ ពោរពេញដោយគុណភាព និងបន្តការសិក្សា ប្រកបដោយជោគជ័យដូចរៀមច្បងរបស់ពួកគេនាឆ្នាំកន្លងទៅ ។ ឯកឧត្តម ក៏បានលើកឡើងពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី គឺមិនដែលបោះបង់ពួកយើងចោលម្តងណាឡើយ ផ្ទុយទៅវិញ រដ្ឋាភិបាលបានខិតខំច្នៃប្រឌិតគ្រប់មធ្យោបាយ យុទ្ធសាស្ត្រ ដើម្បីនាំមកនូវសន្តិភាព សុខសុវត្ថិភាព ការអភិវឌ្ឍន៍ ដែលជាវត្ថុមិនអាចខ្វះបានក្នុងលោក សម្រាប់ប្រទេសកម្ពុជាយើង បានបង្កឱកាសលើការផ្តល់សេវាអប់រំ ប្រកបដោយសមធម៌ដល់ប្អូនៗ ក្មួយៗគ្រប់ក្រុមជនជាតិទាំងអស់ ដោយគ្មានការរើសអើងជាតិសាសន៍ និងមិនប្រកាន់និន្នាការនយោបាយណាមួយឡើយ ជាពិសេសការបន្តបង្កើតឱ្យមានសាលារៀនតាមភូមិ ការសិក្សាកាន់តែ ស្ថិតនៅក្បែរសហគមន៍ ដែលប្អូនៗ ក្មួយៗ រស់នៅ តាមលទ្ធភាពដែលអាចធ្វើទៅបាន។
ក្នុងឱកាសនោះដែរ ឯកឧត្តម អភិបាលខេត្តផ្តាំផ្ញើដល់នាយកសាលាគ្រប់ភូមិសិក្សា ត្រូវគ្រប់គ្រងការងារឲ្យបានល្អ និងត្រូវសហការជាមួយគណៈ កម្មការទ្រទ្រង់សាលារៀន ដើម្បីអភិវឌ្ឍសាលារៀន និងជួយដល់កុមារក្រៅសាលាឲ្យពួកគេ ត្រឡប់មកកាន់សាលារៀនវិញ និងបន្តការសិក្សារៀនសូត្រក្នុងបរិបទកូវីដ១៩ ដោយគោរព ឱ្យខានតែបាននូវការប្រតិបត្តិស្តង់ដាគោលការណ៍សុវត្ថិភាព របស់ក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងសុខាភិបាល។ លោកគ្រូ អ្នកគ្រូ ត្រូវបង្រៀនសិស្សឲ្យបានល្អ។ ទន្ទឹមនោះ អាជ្ញាធរមូលដ្ឋានភូមិ ឃុំសង្កាត់ ក្រុងស្រុក ត្រូវធ្វើការសហការជាមួយបុគ្គលិកអប់រំ និងអ្នកពាក់ព័ន្ធក្នុងគោលបំណងលើកកម្ពស់ការគាំទ្រវិស័យអប់រំក្នុងមូលដ្ឋានរបស់ខ្លួន និងចូលរួម ក្នុងការបង្ការទប់ស្កាត់ ការរីករាលដាលជំងឺកូវីដ១៩។ មាតាបិតា អាណាព្យាបាលគ្រប់រូបត្រូវជំរុញលើកទឹកចិត្ត កូនចៅឲ្យមកសាលារៀន និងបន្តការសិក្សារហូតដល់ចប់ឆ្នាំសិក្សា។ ប្អូនៗ ក្មួយៗសិស្សានុសិស្សជាទីស្រឡាញ់ ត្រូវត្រៀមខ្លួនឲ្យបានល្អ ស្តាប់ដំបូន្មាន គ្រូ មាតាបិតា ដើម្បីទទួលយកចំណេះដឹង ជំនាញ និងទទួលបានលទ្ធផលល្អនាចុងឆ្នាំ៕