ស្ថានទូតអាមេរិចបញ្ហាសញ្ញាបត្រលោក​ ហ៊ុន ម៉ាណែត ត្រូវបានបញ្ជាក់រួចហើយតាំងពីឆ្នាំ ២០១៩

ស្ថានទូតអាមេរិកថាបញ្ហារឿងសញ្ញាបត្រលោក ហ៊ុន ម៉ាណែត ត្រូវបានបញ្ជាក់រួចហើយតាំងពីឆ្នាំ២០១៩
(ភ្នំពេញ)៖ អ្នកនាំពាក្យស្ថានទូតអាមេរិកប្រចាំកម្ពុជាលោក Chad Roedemeier បានឆ្លើយតបនឹងសារអេឡិចត្រូនិចអ៊ីម៉ែលរបស់ EAC News ថាបញ្ហាសញ្ញាបត្រលោក ហ៊ុន ម៉ាណែត ត្រូវបានសាលាទាហានអាមេរិក West Point បកស្រាយរួចហើយកាលពីឆ្នាំ២០១៩ ដែលមានន័យថាស្ដង់ដាសញ្ញាបត្ររបស់សាលាអាមេរិកមិនមានការបែងចែកស្ដង់ដារកម្រិត២ ឬសញ្ញាបត្រយោគយល់ដូចដែលលោក សម រង្ស៊ី លើកឡើងនោះទេ។
លោក Chad Roedemeier បានបញ្ជាក់ប្រាប់ EAC News ថាស្ថានទូតមិនអាចឆ្លើយតបរឿងសញ្ញាបត្រជំនួសសាលារបស់អាមេរិកនោះទេ តែលោកថាករណីសញ្ញាបត្ររបស់លោក ហ៊ុន ម៉ាណែត ត្រូវបានសាលា West Point បកស្រាយរួចហើយកាលពីខែតុលា ឆ្នាំ២០១៩ ដែលពេលនោះប្រធានផ្នែកកិច្ចការសាធារណៈ និងទំនាក់ទំនងនៅសាលាបណ្ឌិត្យសភាយោធាអាមេរិក West Point លោក Christopher Ophardt បានបញ្ជាក់កាលពីខែតុលា ឆ្នាំ២០១៩ថា ការអនុញ្ញាតដល់សិស្សអន្តរជាតិបានមកសិក្សានៅសាលាបណ្ឌិតសភាអាមេរិក West Point គឺជាគំនិតផ្ដួចផ្ដើមរបស់ក្រសួងការបរទេសនិងក្រសួងការពារជាតិអាមេរិក។ ហើយរបៀបនៃជ្រើសរើស ការសិក្សា និងបណ្ដុះបណ្ដាលយោធាគឺដូចគ្នាទៅនឹងសិស្សជនជាតិអាមេរិកដូចគ្នា។ គ្មានការបែងចែកសិស្សកម្រិត២ ឬសិស្សទទួលបានការយោគយល់នោះទេ។
កាលពីព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០២២ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានស្នើដល់ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជាលោក Patrick Murphy ឱ្យជួយបកស្រាយករណីដែលមានការលើកឡើងថាសញ្ញាបត្រដែលនិស្សិតកម្ពុជាទទួលបានពីអាមេរិកគឺជាសញ្ញាបត្រកម្រិត២ ឬជាសញ្ញាបត្រយោគយល់ ដោយថាដើម្បីការពារកិត្តិយសការអប់រំនៅក្នុងសហរដ្ឋអាមេរិក។
ការលើកឡើងរបស់សម្ដេចតេជោបែបនេះដោយរំលឹកពីការវាយប្រហារលើសញ្ញាបត្រដែលកូនប្រុសរបស់សម្ដេចតេជោ គឺលោក ហ៊ុន ម៉ាណែត ត្រូវបានលោក សម រង្ស៊ី លើកឡើងមកវាយប្រហារជានិច្ចជាកាល។
សម្ដេចតេជោ ស្នើដល់ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជាបកស្រាយករណីដែលចោទប្រកាន់នេះដោយថាដើម្បីការពារកិត្តិយសវិស័យអប់រំរបស់អាមេរិក។
សម្ដចតេជោថ្លែងថា៖ «អាចនឹងនិយាយបានទេពីបញ្ហាហ្នឹង! ដែលថាសាលា West Point មានកម្រិតជាសញ្ញាបត្រប្រភេទ២ឬសញ្ញាបត្រកិត្តយស។ តើសហរដ្ឋអាមេរិកការពារជនខិលខូច ឬការពារសាលាអាមេរិក? មិនមែនការពារ ហ៊ុន ម៉ាណែត ទេ! គឺការពារសាលា។ […] អញ្ចឹងទេគឺមានតែសហរដ្ឋអាមេរិក និងអង់គ្លេស ដើម្បីការពារស្ថាប័នអបរំរបស់ខ្លួនគឺមានតែចេញមកបញ្ជាក់អញ្ចឹងទៅ។ ហើយបើថាចេញមកបញ្ជាក់អញ្ចឹងទៅហាក់បីដូចជាវាយប្រហារចំពោះអ្នកដែលបាននិយាយ។ អើ! អញ្ចឹងទុកអញ្ចឹងទៅ យើងក៏សម្គាល់មើលអាហ្នឹងដែរ។ តើគេការពារស្ថាប័នអប់រំរបស់គេ ឬគេការពារមនុស្សខិលខូច? យើងក៏សម្គាល់មើលរឿងហ្នឹងដែរ» ។
កាលពីថ្ងៃទី២៥ ខែធ្នូ កន្លងទៅលោក សម រង្ស៊ី បានផ្ដល់បទសម្ភាសន៍ជាមួយសារព័ត៌មានបរទេសដែលផ្សាយជាភាសាខ្មែរដោយបានលើកឡើងថាសញ្ញាបត្រដែលលោក ហ៊ុន ម៉ាណែត ទទួលបានទាំងពីសាលាបណ្ឌិតយោធា West Point និងសាកលវិទ្យាល័យញូវយ៉ករបស់សហរដ្ឋអាមេរិក និងសញ្ញាបត្រពីសាកលវិទ្យាល័យប្រ៊ីសស្ដូលនៅចក្រភពអង់គ្លេសគឺជាសញ្ញបត្រប្រភេទ២ ឬសញ្ញាបត្រយោគយល់។
បន្ទាប់មកដើម្បីការពារលើសញ្ញាបត្រខ្លួន លោក ហ៊ុន ម៉ាណែត បានប្រកាសហៅលោក សម រង្ស៊ី ភ្នាល់គ្នាដាក់«ជីវិតនយោបាយ» ប្រសិនជា សម រង្ស៊ី អាចរកភស្ភុតាងបញ្ជាក់ថាលោកទទួលបានសញ្ញាបត្រប្រភេទ២ ឬសញ្ញាបត្រយោគយល់ដូចដែល សម រង្ស៊ី អះអាងមែន។ ទោះជាយ៉ាងណាក្រោយរង់ចាំពីការភ្នាល់២ថ្ងៃដោយគ្មានការឆ្លើយតប លោក ហ៊ុន ម៉ាណែត បានដាក់បន្ថែមមួយទៀតដោយស្នើឱ្យលោក សម រង្ស៊ី ឈប់ធ្វើនយោបាយទៅព្រោះលោក សម រង្ស៊ី គ្មានភាពក្លាហានក្នុងការការពារអំណះអំណាងរបស់ខ្លួនមិនមែនជាគំរូរបស់ពលរដ្ឋ៕ប្រភព EAC NEWS
 

ព័ត៌មាន ថ្មីៗ

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បើកកិច្ចប្រជុំត្រួតពិនិត្យ ផែនការការពារ សន្តិសុខ និង កម្លាំង មធ្យោបាយ បរិក្ខារបំពាក់ ដើម្បីត្រៀមបំពេញបេសកកម្មចំពោះមុខ!
ពិធីប្រណាំង «រទះគោសាឡី» ដើម្បីចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ
សួស្តីឆ្នាំថ្មី! លោក ឧត្តមសេនីយ៍ ម៉េង ស្រ៊ុន មេបញ្ជាការ បានរៀបចំកម្មវិធីដំណើរកម្សាន្តជូនដល់នាយទាហាន នាយទាហានរងទាំងអស់ នៃកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ទៅកាន់ខេត្តព្រះសីហនុ......
សម្តេច ម៉ែន សំអន អញ្ជើញប្រារព្ធពិធីជូនពរ និងអបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នៅខេត្តស្វាយរៀង
លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន បានអញ្ជើញចូលរួមក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារ និងសម្ភោធឆ្លងសមិទ្ធផលនានា ក្នុងវត្តត្រពាំងស្នោរ.....
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ណែនាំឱ្យពង្រឹងមុខងាររបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ស្របតាមការវិវឌ្ឍនៃនគរូបនីយកម្ម ប្រជាសាស្ត្រ និងភូមិសាស្ត្រ