ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា សម្តែងក្តីបារម្ភ បើទោះបីគ្រោះថ្នាក់ចរាចរណ៍ រយៈពេល ១១ខែ ដើមឆ្នាំ២០២៤ នេះ មានការថយចុះក្តី

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា សម្តែងក្តីបារម្ភ បើទោះបីគ្រោះថ្នាក់ចរាចរណ៍ រយៈពេល ១១ខែ ដើមឆ្នាំ២០២៤ នេះ មានការថយចុះក្តី
 
ចេញផ្សាយ​១៩/១២/២០២៤
​ដោយ៖​PY-News​
 
ក្នុងឱកាសអញ្ជើញជាអធិបតីនៃទិវាអន្តរជាតិរំលឹកដល់ជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក លើកទី១៩ ប្រារពនៅទីរួមខេត្តកំពង់ឆ្នាំង នារសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា  ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានគូសបញ្ជាក់ថា ក្នុងរយៈពេល១១ខែ ឆ្នាំ២០២៤នេះ ករណីគ្រោះថ្នាក់ចរាចរណ៍ ត្រូវបានកាត់បន្ថយ ចំនួន ៣៥៤លើក ស្មើនឹង ១២% និងកាត់បន្ថយចំនួនអ្នកស្លាប់ ២៧នាក់ ស្មើនឹង ២% កាត់បន្ថយចំនួនអ្នករបួស បានចំនួន ៥៨០នាក់ ស្មើនិង ១៤%។
 
ផ្អែកតាមលទ្ធផលនេះ ប្រមុខក្រសួងមហាផ្ទៃ បានសម្តែងការកោតសរសើរចំពោះការពលីកម្មសព្វបែបយ៉ាងរបស់មន្រ្តីមានសមត្ថកិច្ចអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក គ្រប់លំដាប់ថ្នាក់ នៅទូទាំងប្រទេស ដែលបានបំពេញភារកិច្ច ដោយមិនខ្លាចនឿយហត់ ប្រកបដោយស្មារតីទទួលខុសត្រូវ និងមនសិការវិជ្ជាជីវៈខ្ពស់ ក្នុងការរឹតបន្តឹងអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ការរក្សាសណ្តាប់ធ្នាប់ចរាចរណ៍ផ្លូវគោក ការផ្សព្វផ្សាយអប់រំច្បាប់ ការកសាង ជួសជុល កែលំអស្ថានភាពផ្លូវថ្នល់ ការសង្គ្រោះជនរងគ្រោះ និងកិច្ចការសំខាន់ៗជាច្រើនទៀត ទទួលបានលទ្ធផលល្អប្រសើរ ពិសេសបានសង្គ្រោះជីវិតប្រជាពលរដ្ឋ ឱ្យរួចផុតពីការបាត់បង់ជីវិត និងរងរបួសដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក។
 
ពីវេទិកាអធិបតីនោះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានលើកឡើងពីបញ្ហានៃគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ដែលបង្កនូវផលវិបាកជាច្រើនដល់សង្គមជាតិ និងប្រជាពលរដ្ឋ និងបានបង្កផលប៉ះពាល់ដល់គោលនយោបាយ កាត់បន្ថយភាពក្រីក្ររបស់រាជរដ្ឋាភិបាល។ ឯកឧត្តម នៅតែបង្ហាញក្ដីបាម្ភថា គ្រោះថ្នាក់នេះនឹងបន្តអូសបន្លាយក្នុងរយៈពេលវែង អាចនឹងមានកំណើនខ្ពស់បន្ថែមទៀត ប្រសិនបើកង្វះវិធានការទប់ស្កាត់ ប្រកបដោយតម្លាភាព ប្រសិទ្ធភាព និងកង្វះការចូលរួមគោរពអនុវត្តច្បាប់ពីសំណាក់អ្នកប្រើប្រាស់ផ្លូវគ្រប់រូប។ 
 
ប្រមុខក្រសួងមហាផ្ទៃកម្ពុជា បានផ្តល់អនុសាសន៍ណែនាំដល់អនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោករាជធានី-ខេត្ត ត្រូវបង្កើនវិធានការរឹតបន្តឹងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក តាមទិសដៅការងាររបស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ឱ្យកាន់តែមានតម្លាភាព ប្រសិទ្ធភាព និងស្មើភាព សំដៅកាត់បន្ថយថែមទៀតនូវចំនួនហេតុការណ៍គ្រោះថ្នាក់ ចំនួនជនរងគ្រោះ និងបទល្មើសចរាចរណ៍ ឱ្យបានជាអតិបរមា និងត្រូវខិតខំអនុវត្តឱ្យបានជោគជ័យនូវគោលនយោបាយ ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព។
 
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏បានណែនាំឱ្យបង្កើនការផ្សព្វផ្សាយអប់រំច្បាប់ និងបទដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោកតាមគ្រប់រូបភាព ឱ្យបានទូលំទូលាយដល់គ្រប់មូលដ្ឋាន ដើម្បីឱ្យមានការជ្រួតជ្រាបដល់គ្រប់វេទិកា គ្រប់សាលារៀន និងគ្រប់គ្រួសារ ត្រូវបង្កើនការអនុវត្តច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោក តាមបទដ្ឋានគតិយុត្ត និងគោលការណ៍ដែលក្រសួង បានដាក់ចេញ ត្រូវចាត់វិធានការ ឱ្យបានតឹងរឹងបំផុតចំពោះបទល្មើស ជនបង្កគ្រោះថ្នាក់ចរាចរណ៍ ហើយបើករត់គេចវេសពីការដោះស្រាយតាមផ្លូវច្បាប់៕

ព័ត៌មាន ថ្មីៗ

ឯកឧត្តម ញ៉ែម សំអឿន ទទួលជួបសម្តែងការគួរសម និង ពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតអូស្ត្រាលី ប្រចាំព្រះរាជាណាចក្រកម្ពុជា
តុលាការឃុំខ្លួនប្រធានរិយាល័យប្រឆាំងគ្រឿងញៀនស្នងការនគរបាលខេត្តតាកែវ សុខ សង្ហា ពីបទស៊ីសំណូកពុករលួយ !
លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសមុខតំណែងមេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថស្រុកសំរោងទង ខេត្តកំពង់ស្ពឺ!!!
ក្រុមការងារ អាវុធហត្ថរាជធានីភ្នំពេញ នាំយកអំណោយចុះសួរសុខទុក្ខ គ្រួសារសមាជិក ដែលមានប្រពន្ធទើបសម្រាលកូន!
ដំណឹងក្តៅ! អតីតអ្នកឧកញ៉ា ហេង សិទ្ធី ត្រូវបានចាប់ខ្លួននៅព្រំដែនប្រទេសរុស្ស៊ី នឹងបញ្ជូនតាមយន្តហោះមកកម្ពុជាវិញ
​២សប្ដាហ៍ដើមឆ្នាំថ្មី មន្រ្តីបន្តផ្សព្វផ្សាយគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាពជាង ៤ពាន់លើក ទូទាំងប្រទេស