ឯកអគ្គរាជទូតអង់គ្លេស ក្នុងជំនួបជាមួយឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានចាត់ទុកកំណើនទេសចរណ៍អង់គ្លេសនៅកម្ពុជា ជាសមិទ្ធផលរួមចំណែកពីកត្តាសន្តិសុខល្អ

ឯកអគ្គរាជទូតអង់គ្លេស ក្នុងជំនួបជាមួយឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានចាត់ទុកកំណើនទេសចរណ៍អង់គ្លេសនៅកម្ពុជា ជាសមិទ្ធផលរួមចំណែកពីកត្តាសន្តិសុខល្អ! 
 
កត្តាសន្តិភាព និងសន្តិសុខល្អប្រសើរនៅកម្ពុជា ត្រូវបានឯកឧត្តម ដូមីនិច វិលលៀម (Dominic Williams) ឯកអគ្គរាជទូតចក្រភពអង់គ្លេស ប្រចាំព្រះរាជាណាចក្រកម្ពុជា ពោលសរសើរថា ជាចំណែកយ៉ាងសំខាន់នៃការផ្ដល់ទំនុកចិត្តទៅកាន់ភ្ញៀវទេសចរណ៍អង់គ្លេស ឱ្យធ្វើដំណើរមកកំសាន្តកាន់តែច្រើនជាងមុននៅកម្ពុជា។ ក្នុងជំនួបសម្ដែងការគួរសមជាមួយ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម Dominic Williams បានថ្លែងសាទរចំពោះ ឯកឧត្តមអភិសន្តិបណ្ឌិត ដែលបានបំពេញតួនាទីរក្សាសន្តិភាព និងសន្តិសុខនៅកម្ពុជាបានយ៉ាងល្អ ដោយអះអាងថា ជាក់ស្តែងលទ្ធផលនេះបាននាំឱ្យមានកំណើនភ្ញៀវទេសចរណ៍អង់គ្លេស មកកាន់កម្ពុជាច្រើនលើសលប់។ 
 
ក្រៅពីថ្លែងកោតសរសើរលើការរក្សាសន្តិសុខ ឯកឧត្តមឯកអគ្គរាជទូតអង់គ្លេស ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលតាមរយៈក្រសួងមហាផ្ទៃ ជាសេនាធិការ បានការខិតខំប្រឹងប្រែងបង្កើត និងដាក់ឱ្យដំណើរការ ប្រព័ន្ធ Cambodia E-Visa ដើម្បីផ្ដល់ភាពងាយស្រួលដល់ភ្ញៀវទេសចរណ៍ ដែលធ្វើដំណើរមកកាន់កម្ពុជា។ ជាមួយគ្នានេះ ឯកឧត្តម ក៏បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងកិច្ចសហប្រតិបត្តិការទ្វេភាគី រវាងព្រះរាជាណាចក្រកម្ពុជា និងចក្រភពអង់គ្លេស ផងដែរ។
 
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ ឯកឧត្តមឯកអគ្គរាជទូតអង់គ្លេស ដែលបានបំពេញតួនាទីយ៉ាងសកម្ម ព្រមទាំងបានរួមចំណែកយ៉ាងសំខាន់ដល់កិច្ចសហប្រតិបត្តិការដ៏ល្អរវាងព្រះរាជាណាចក្រកម្ពុជា និងចក្រភពអង់គ្លេស ដោយបាននាំមកនូវសមិទ្ធផលសំខាន់ៗជាច្រើនរួមចំណែកដល់ការអភិវឌ្ឍ និងរីកចម្រើនរបស់ប្រទេសកម្ពុជា។ ឯកឧត្តមអភិសន្តិបណ្ឌិត បានកត់សម្គាល់ឃើញថា ទំនាក់ទំនងរវាងប្រទេសទាំងពីរ ក្នុងរយៈពេលជាង៧ទសវត្សរ៍មកនេះ ប្រកបដោយមិត្តភាពល្អ និងមានភាពជាដៃគូស្ទើគ្រប់វិស័យ។ 
 
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏បានថ្លែងអំណរគុណដល់រដ្ឋាភិបាលចក្រភពអង់គ្លេស ចំពោះការប្តេជ្ញាចិត្ត និងការសហការយ៉ាងជិតស្និតជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងវិស័យជាច្រើន ជាពិសេសវិស័យអប់រំ ដែលរាជរដ្ឋាភិបាល នៃចក្រភពអង់គ្លេស តែងតែផ្តល់ឱកាសឱ្យនិស្សិតកម្ពុជា បន្តការសិក្សាជាន់ខ្ពស់នៅចក្រភពអង់គ្លេស តាមរយៈកម្មវិធីអាហារូបករណ៍ Chevening រួមចំណែកយ៉ាងធំធេងដល់ការកសាងមូលធនមនុស្ស សម្រាប់កម្ពុជា ក្នុងដំណើរការអភិវឌ្ឍសង្គមជាតិ សម្រាប់រយៈពេលយូរអង្វែង។ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏បានសម្តែងការជឿជាក់យ៉ាងមុតមាំថាកម្ពុជា និងអង់គ្លេស នឹងខិតខំបន្តជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ឱ្យមានភាពរីកចម្រើនកាន់តែខ្លាំង៕

ព័ត៌មាន ថ្មីៗ

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បើកកិច្ចប្រជុំត្រួតពិនិត្យ ផែនការការពារ សន្តិសុខ និង កម្លាំង មធ្យោបាយ បរិក្ខារបំពាក់ ដើម្បីត្រៀមបំពេញបេសកកម្មចំពោះមុខ!
ពិធីប្រណាំង «រទះគោសាឡី» ដើម្បីចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ
សួស្តីឆ្នាំថ្មី! លោក ឧត្តមសេនីយ៍ ម៉េង ស្រ៊ុន មេបញ្ជាការ បានរៀបចំកម្មវិធីដំណើរកម្សាន្តជូនដល់នាយទាហាន នាយទាហានរងទាំងអស់ នៃកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ទៅកាន់ខេត្តព្រះសីហនុ......
សម្តេច ម៉ែន សំអន អញ្ជើញប្រារព្ធពិធីជូនពរ និងអបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នៅខេត្តស្វាយរៀង
លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន បានអញ្ជើញចូលរួមក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារ និងសម្ភោធឆ្លងសមិទ្ធផលនានា ក្នុងវត្តត្រពាំងស្នោរ.....
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ណែនាំឱ្យពង្រឹងមុខងាររបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ស្របតាមការវិវឌ្ឍនៃនគរូបនីយកម្ម ប្រជាសាស្ត្រ និងភូមិសាស្ត្រ