អ្នកនឹងក្លាយជាឃាតករ បើនៅតែបើកបរក្រោមឥទ្ធិពល នៃគ្រឿងស្រវឹង

អ្នកនឹងក្លាយជាឃាតករ បើនៅតែបើកបរក្រោមឥទ្ធិពល នៃគ្រឿងស្រវឹង 
 
ចេញផ្សាយ៖២៣/០១/២០២៤
ដោយPY-News
 
ភ្នំពេញ ៖ ក្នុងរយៈពេញមួយឆ្នាំ២០២៣ មានជនរងគ្រោះជាង ១ ៥០០នាក់ បានស្លាប់នៅលើដងផ្លូវ ដោយគ្រោះថ្នាក់ចរាចរណ៍។ ចំណែកនៃមូលហេតុបណ្ដាលឱ្យកើតមានសោកនាដកម្មនេះ គឺការបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង។ ការបញ្ជាយានយន្តទាំងក្នុងស្ថានភាពស្រវឹង មិនត្រឹមតែជាការប្រមាថអាយុជីវិតខ្លួនឯងប៉ុណ្ណោះទេ ប៉ុន្តែកាន់តែធ្ងន់ធ្ងរទៀតនោះ គឺអ្នកអាចក្លាយជាឃាតករគ្រប់វិនាទី ហើយច្បាប់នឹងគ្មានការលើកលែងឱ្យអ្នកជាដាច់ខាត។ 
 
បើតាមមាត្រា៨៥ នៃច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក 
បេីអ្នកបេីកបរស្ថិតក្នុងស្ថានភាពស្រវឹង ដោយមានអត្រាជាតិអាល់កុលចាប់ពី ០,៤០មីលីក្រាមក្នុងមួយលីត្រខ្យល់ឬចាប់ពី ០,៨០ក្រាម ក្នុងមួយលីត្រឈាម ឡេីងទៅ ឬបណ្ដាលឱ្យមានមនុស្សស្លាប់ច្រេីននាក់ជាដេីម នឹងត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី២ទៅ៥ឆ្នាំ។ នេះដោយមិនគិតពីការពិន័យជាប្រាក់ និងសំណងរដ្ឋប្បវេណីនៅឡេីយទេ។ 
ជាមួយគ្នានេះ សម្ដេចធិបតី នាយកដ្ឋមន្ត្រី នៃកម្ពុជា បានមានប្រសាសន៍ណែនាំដោយផ្ទាល់យ៉ាងច្បាស់និងប្រកបដោយភាពម៉ឺងម៉ាត់ ឱ្យឃាត់ខ្លួននិងវាយខ្នោះជាបន្ទាន់រាល់ជនណាដែលមានជាតិស្រវឹងក្នុងខ្លួនហេីយបេីកបរបង្កគ្រោះថ្នាក់បណ្ដាលឱ្យអ្នកដទៃរងរបួស ឬស្លាប់ ខណៈក្រសួងមហាផ្ទៃ ក៏កំពុងសិក្សាបង្កេីតប្រព័ន្ធផ្ទុកទិន្នន័យ ឬ Black List កត់ត្រាជនទាំងឡាយណាដែលបេីកបរក្នុងស្ថានភាពស្រវឹងហេីយបង្កគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឱ្យមានអ្នករងរបួស ឬស្លាប់។ 
យ៉ាងណាក៏ដោយ ខ្ញុំសង្កេតឃើញថា បងប្អូនប្រជាពលរដ្ឋយើងមួយចំនួន នៅបំពានដោយចេតនាយ៉ាងច្បាស់ក្រឡែត ជាហេតុបណ្ដាលឱ្យសោកនាដកម្មលើដងផ្លូវមួយនេះ បន្តកើតមានឥតលោះថ្ងៃ។ ជាក់ស្ដែងថ្មីៗនេះក្នុងអាការៈស្រវឹងជោគ ជនបង្កបានបុករះបណ្ដាលឱ្យមានជនរងគ្រោះស្លាប់ដល់ទៅ ៤នាក់ និងរបួសធ្ងន់ស្រាលជាច្រើននាក់ទៀត។ រឿងហេតុនេះបានកើតឡើងទាំងក្នុងពេលដែលសាធារណមតិកំពុងជជែកគ្នាយ៉ាងក្ដៅគគុកអំពីករណីគ្រោះថ្នាក់ចរាចរណ៍ផ្ទួនៗដែលបណ្ដាលមកពីអ្នកបើកបរស្ថិតក្រោមឥទ្ធិពលគ្រឿងស្រវឹង។
 
នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ នេះទៀត ករណីគ្រោះថ្នាក់ចរាចរណ៍ និងគ្រឿងស្រវឹង បានក្លាយជាប្រធានបទធំមួយក្នុងចំណោមប្រធានបទសំខាន់ៗដែលសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានថ្លែងក្នុងពិធីបិទសន្និបាតរបស់ក្រសួងព័ត៌មាន។ ជាមួយនឹងការសោកស្ដាយចំពោះរឿងហេតុដែលកើតឡើងថ្មីៗនេះ សម្ដេចនាយករដ្ឋមន្រ្តី បានណែនាំឱ្យរឹតបន្តឹងការអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ក្នុងនោះត្រូវបង្កើនសកម្មភាពត្រួតពិនិត្យជាតិអាល់កុលនៅពេលយប់ផងដែរ។
ខ្ញុំមានសេចក្ដីសង្ឃឹមនិងជឿជាក់ថា បងប្អូនប្រជាពលរដ្ឋទាំងអស់ ជាពិសេសអ្នកនិយមទទួលទានគ្រឿងស្រវឹង នឹងមានការភ្ញាក់ស្មារតី រួមគ្នាគោរពច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ពិសេសរួមគ្នាលុបបំបាត់ចោលនូវទំលាប់បើកបរទាំងក្នុងស្ថានភាពស្រវឹង តាមពាក្យស្លោក«បើស្រវឹងកុំបើកបរ…» និងអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន «ថ្ងៃនេះថ្ងៃស្អែកកុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍!»។ សូមកុំបណ្ដោយឱ្យសុរាដឹកមុខអ្នកទៅរកផ្លូវវិនាស! សូមកុំឱ្យគ្រឿងស្រវឹងកែប្រែជីវិតអ្នកឱ្យក្លាយជាឃាតករសម្លាប់មនុស្ស ៕

ព័ត៌មាន ថ្មីៗ

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បើកកិច្ចប្រជុំត្រួតពិនិត្យ ផែនការការពារ សន្តិសុខ និង កម្លាំង មធ្យោបាយ បរិក្ខារបំពាក់ ដើម្បីត្រៀមបំពេញបេសកកម្មចំពោះមុខ!
ពិធីប្រណាំង «រទះគោសាឡី» ដើម្បីចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ
សួស្តីឆ្នាំថ្មី! លោក ឧត្តមសេនីយ៍ ម៉េង ស្រ៊ុន មេបញ្ជាការ បានរៀបចំកម្មវិធីដំណើរកម្សាន្តជូនដល់នាយទាហាន នាយទាហានរងទាំងអស់ នៃកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ទៅកាន់ខេត្តព្រះសីហនុ......
សម្តេច ម៉ែន សំអន អញ្ជើញប្រារព្ធពិធីជូនពរ និងអបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នៅខេត្តស្វាយរៀង
លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន បានអញ្ជើញចូលរួមក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារ និងសម្ភោធឆ្លងសមិទ្ធផលនានា ក្នុងវត្តត្រពាំងស្នោរ.....
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ណែនាំឱ្យពង្រឹងមុខងាររបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ស្របតាមការវិវឌ្ឍនៃនគរូបនីយកម្ម ប្រជាសាស្ត្រ និងភូមិសាស្ត្រ