ឯកឧត្តម ខៀវ កាញ្ញារិទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញសម្ពោធសៀវភៅ
រាជធានីភ្នំពេញ÷ នៅរសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន អញ្ជើញសម្ពោធសៀវភៅ៖ «មរតក ស៊ីហ្គេម និង អាស៊ានប៉ារ៉ាហ្គេម លើកដំបូងនៅកម្ពុជា ក្នុងសម័យតេជោ» ការរីកចម្រើននឹកស្មានមិនដល់នៃវិស័យកីឡានៅកម្ពុជា ដែលចងក្រងឡើងដោយអ្នកនិពន្ធ ឆាយ សុផល អនុរដ្ឋលេខាធិការ ក្រសួងព័ត៌មាន។
ទាក់ទងខ្លឹមសារសំខាន់នៅក្នុងសៀវភៅនេះ ឯកឧត្តម ឆាយ សុផល បានលើកឡើងថា កាល បើនិយាយពីកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម គឺប្រជាជនកម្ពុជាទាំងនៅក្នុង និងក្រៅប្រទេសពិតជាដឹងច្បាស់ ហើយនៅដិតដាមស្នាមជាប់ក្នុងចិត្តថ្មីៗនៅឡើយ ប៉ុន្តែសៀវភៅនេះក៏បានរៀបរាប់ព្រឹត្តិការណ៍ផ្សេងៗទៀតទាក់ទិននឹងកីឡាទាំងពីរខាងលើ។ ដូច្នេះ នៅពេលមានសៀវភៅនេះនៅក្នុងដៃ មិត្តអ្នកអាន ពិតជាបានដឹងរឿងរ៉ាវក្រៅឆាកខ្លះៗអំពីកីឡាដោយមានការទាក់ទិននឹងមនោគមន៍វិទ្យា និងការយកប្រៀបលើភូមិសាស្រ្តនយោបាយរបស់ប្រទេសមហាអំណាចនៅពេលសង្រ្គាមត្រជាក់ចាប់ផ្តើម ដែលបែងចែកពួកស្តាំនិយម (ពួកប្លុកសេរី) និងឆ្វេងនិយម (ពួកប្លុកកុម្មុយនីស្ត) ហើយចាប់តាំងពីកីឡាទាំងពីរនេះត្រូវបានបង្កើតឡើងជាផ្លូវការ កម្ពុជាមិនដែលបានរៀបចំធ្វើម្តងណាឡើយ រហូតមកដល់ឆ្នាំ២០២៣ ទើបមានឱកាស។
ឯកឧត្តម ឆាយ សុផល បានបញ្ជាក់ដែរថា មាន ប្រជាជនកម្ពុជាមិនតិចទេដែលពួកគាត់បានភាន់ច្រឡំរវាងព្រឹត្តិការណ៍កីឡាហ្គានេហ្វូ នៅរាជធានីភ្នំពេញ នាឆ្នាំ១៩៦៦ និងព្រឹត្តិការណ៍កីឡាស៊ីហ្គេម នាឆ្នាំ២០២៣។
នៅក្នុងមាតិកានៃសៀវភៅនេះក៏មានរៀបរាប់ពីទំនាស់រវាង «គុនខ្មែរ» និង «មួយថៃ», គុនល្បុក្កតោ ក្លាយជាបេតិកភណ្ឌអរូបីនៃមនុស្សជាតិ និងយុទ្ធនាការ Beyond the Games របស់សហភាពសហព័ន្ធយុវជនកម្ពុជា ព្រមទាំងការដាក់ចេញនូវយុទ្ធនាការរបស់រាជរដ្ឋាភិបាលស្តីពី «គ្រប់ថ្ងៃ គឺជាអច្ឆរិយភាព» ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍អន្តរជាតិឱ្យមកទស្សនាប្រទេសកម្ពុជា។
សៀវភៅក៏បានរៀបរាប់លម្អិតពីដំណើការដំបូងនៃព្រះអគ្គិជ័យ និងភ្លើងគប់កីឡាទាំងការហែនៅក្នុងប្រទេស និងទៅប្រទេស១០ផ្សេងទៀតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ រហូតមកដល់ថ្ងៃបើកព្រឹត្តិការណ៍ប្រកួតកីឡាជាផ្លូវការ។
ឯកឧត្តម ឆាយ សុផល បានរម្លឹកប្រសាសន៍របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ដោយលើកឡើងថា កម្ពុជា ជាប្រទេសតូច តែបេះដូងធំ ហើយលុយអាចចាយអស់ តែកិត្តិយស និងកេរ្តិ៍ឈ្មោះ ចាយមិនអស់ឡើយ ហើយបន្សល់ទុកឱ្យកូនចៅជំនាន់ក្រោយៗបានដឹងទៀតផង។
កម្ពុជាអាចរៀបចំព្រឹត្តិការណ៍ដ៏អស្ចារ្យទាំងពីរនេះបាន ដោយធ្វើឱ្យប្រទេសទាំងនៅក្នុងតំបន់ និងនៅពិភពលោកមានការស្ញប់ស្ញែង នឹកស្មានមិនដល់នោះ ក៏ដោយសារតែកម្ពុជាមានសន្តិភាពពេញលេញ អាចរក្សាបានសណ្តាប់ធ្នាប់ និងសុខសុវត្ថិភាពជូនអត្តពលិក និងភ្ញៀវបរទេស ព្រមទាំងមានហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់សម្រាប់បម្រើការប្រកួតកីឡាខ្នាតអន្តរជាតិ ដោយមិនចាញ់បណ្តាប្រទេសនៅជុំវិញពិភពលោកនោះទេ ហើយល្អជាងប្រទេសជាច្រើនទៀតផង។
បើតាមការរៀបរាប់របស់លោក ឆាយ សុផល គឺសៀវភៅក៏បានផ្តោតលើការត្រៀមរៀបចំយ៉ាងហ្មត់ចត់ និងដោយប្រុងប្រយ័ត្នបំផុតរបស់រាជរដ្ឋាភិបាលកម្ពុជា រួមទាំងការផ្តល់អាហារ និងកន្លែងស្នាក់នៅដោយមិនគិតថ្លៃជូនអត្តពលិក និងប្រតិភូកីឡាអាស៊ានទៀតផង។
ដោយប្រព័ន្ធផ្សព្វផ្សាយមានសារសំខាន់ក្នុងបញ្ជូនព័ត៌មានទាំងសំណេរ សំឡេង និងរូបភាពទៅកាន់ពិភពលោក ក្រសួងព័ត៌មានដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល បានសហការណ៍ជាមួយស្ថាប័នពាក់ព័ន្ធដើម្បីរៀបចំប្រព័ន្ធអ៊ីនធីណិត ការផ្សាយផ្ទាល់ និងបន្តផ្ទាល់ នៅមជ្ឈមណ្ឌលព័ត៌មានសម្រាប់អ្នកសារព័ត៌មានជាតិ និងបរទេស ហើយអ្នកសារព័ត៌មានទាំងនោះបានទទួលអាហារសម្រន់មិនខ្វះក្នុងអំឡុងពេលនៃការបំពេញការងារនៅទីនោះ៕
PY-Nwes