កងរាជអាវុធហត្ថខេត្តតាកែវ គ្មានវិធានការអប់រំបន្តទៀតឡើយ ចំពោះក្រុមក្មេងទំនើង ឬអ្នកប្រព្រឹត្តបទល្មើសផ្សេងៗ ប្រសិនបើសមត្ថកិច្ចរកឃើញមានជាប់ពាក់ព័ន្ធ
មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ៖ គ្មានវិធានការអប់រំបន្តទៀតឡើយ ចំពោះក្រុមក្មេងទំនើង ឬអ្នកប្រព្រឹត្តិបទល្មើសផ្សេងៗ ប្រសិនសមត្ថកិច្ចរកឃើញមានជាប់ពាក់ព័ន្ធ
ចេញផ្សាយ៖១០/០៣/២០២៣
PY-News
ខេត្តតាកែវ៖ ឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ បានថ្លែងប្រាប់ បណ្ដាញសារព័ត៌មាន នៅព្រឹកថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៣នេះ តាមបណ្ដាញសង្គម តេឡេក្រាម បានឱ្យដឹងថា គ្មានវិធានការអប់រំបន្តទៀតឡើយ ចំពោះក្រុមក្មេងទំនើង ឬអ្នកប្រព្រឹត្តិបទល្មើសផ្សេងៗ ប្រសិនមានការជាប់ពាក់ព័ន្ធពិតប្រាកដមែន។ លោកមេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ បានបន្តថា ក្រោយមានហេតុការណ៍កើតឡើងផ្ទួនៗ ល្បីនៅលើបណ្ដាញសង្គមនានា កើតមានឡើងក្នុងមូលដ្ឋានខេត្តតាកែវ កន្លងមកនេះ លោកតែងតែដាក់បទបញ្ជាយ៉ាងតឹងរឹងបំផុតដល់ កម្លាំងអាវុធហត្ថ ត្រូវចុះស្រាវជ្រាវ និងកំណត់មុខសញ្ញា ព្រមទាំងធ្វើការឃាត់ខ្លួនភ្លាមៗ ប្រសិនរកឃើញ មានជាប់ពាក់ព័ន្ធករណីបទល្មើសពិតប្រាកដ ដោយមិនទុកឱ្យជនទាំងនោះបង្កចលាចលក្នុងសង្គមឡើយ។
ឧត្តមសេនីយ៍ត្រី សេង មហា បានបន្ថែមថា ជាក់ស្ដែងក្រោយមានហេតុការណ៍កើតឡើងកាលពីថ្ងៃទី ០៧ ខែមីនា នៅចំណុចគីឡូម៉ែត្រ ៦៤-៦៥ នៅផ្លូវជាតិលេខ៣ ស្ថិតក្នុងភូមិកំប៉ោ ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង គឺកម្លាំងអាវុធហត្ថខេត្ត សហការជាមួយ អាវុធហត្ថស្រុកសំរោង កាពីថ្ងៃទី០៨ ខែមីនា ឃាត់ខ្លួនបានក្មេងទំនើង ០៤នាក់ និងនៅថ្ងៃទី០៩ ខែមីនានេះ បានធ្វើការឃាត់ខ្លួន ក្រុមក្មេងទំនើង ២នាក់បន្ថែមទៀត សរុប ០៦នាក់។ ដោយបច្ចុប្បន្ននេះដែរ ក្មេងទំនើង ០៤នាក់ ត្រូវបានកម្លាំងការិយាល័យជំនាញ កសាងសំណុំបញ្ជូនទៅចាត់ការបន្តតាមនីតិវិច្បាប់ នៅតុលាការ ដោយឡែក ០២នាក់ព្រឹកមិញនេះ កម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនបន្តចាត់ការបន្តតាមនីតិវិធី ។