ចាប់ខ្លួនឧកញ៉ា អ៊ឹម ប្រុស ហៅគ្រូសីលល្បីប្រចាំខេត្តកំពង់ចាម ពីបទ ”ឆបោក” និងដកហូតបានកាំភ្លើង ៥ដើម គ្រាប់កាំភ្លើងជាង ២០០គ្រាប់
ការិយាល័យនិពន្ធ017626007
ដោយលោក ឃី ខា
កំពង់ចាម៖ ឧកញ៉ា អ៊ឹម ប្រុស ហៅគ្រូសីល ត្រូវបានសមត្ថកិច្ចចាប់ខ្លួន តាមដីកាស្ថាពររបស់សាលាឧទ្ធរណ៍ខេត្តត្បូងឃ្មុំ ពីបទ «ឆបោក» នៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៣ នៅភូមិអណ្តូងច្រុះ ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម និងដកហូតបានកាំភ្លើងចំនួន ៥ដើម និងគ្រាប់កាំភ្លើងជាង ២០០គ្រាប់។

សមត្ថកិច្ចបានឲ្យដឹងថា ឧកញ៉ា អ៊ឹម ប្រុស ហៅ គ្រូសីល អាយុ៥៦ឆ្នាំ មានទីលំនៅភូមិអណ្តូងច្រុះ ឃុំអំពិល ស្រុកកំពង់សៀម ត្រូវបានសមត្ថកិច្ចចាប់ខ្លួនពីបទ «ឆបោក» ប្រព្រឹត្តនៅភូមិអណ្តូងច្រុះ ឃុំអំពិល ស្រុកកំពង់សៀម កាលពីកំឡុងឆ្នាំ២០១៥ ២០១៦ និងឆ្នាំ២០១៧។
សមត្ថកិច្ចបានឲ្យដឹងទៀតថា ក្នុងពេលកិច្ចប្រតិបត្តិការអនុវត្តដីកាបង្គាប់នេះដែរ សមត្ថកិច្ចក៏បានរកឃើញនូវអាវុធខ្លីចំនួន ៥ដើម រួមមាន៖ ម៉ាកឡុក CF98 ពណ៌ខ្មៅ ចំនួន៣ដើម, ម៉ាក K59 ពណ៌ខ្មៅ ចំនួន ១ដើម និងម៉ាក CZ75 ពណ៌ខ្មៅ ចំនួន១ដើម រួមទាំងប័ណ្ណសម្គាល់អាវុធខ្លីផុតសុពលភាពចំនួន ១៥សន្លឹក ចន្លោះពីឆ្នាំ២០០៧ និង២០០៨, គ្រាប់កាំភ្លើងចំនួន ២៥៩គ្រាប់ ,សាន់តារ៉ុងចំនួន០៦, ម៉ាស៊ីនផ្ទុករូបភាពកាំម៉ារ៉ាសុវត្ថិភាពចំនួន០២គ្រឿ, ខ្នោះដៃចំនួន០៥គូ និងស្រោមខ្នោះចំនួន០៤ផងដែរ។
បច្ចុប្បន្នកម្លាំងស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម បាននាំយកជនសង្ស័យ និងវត្ថុតាង មកស្នងការដ្ឋាននគរបាលខេត្ត ដើម្បីបន្តនីតិវិធីទៅកាន់តុលាការ៕






