សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញបើកកិច្ចប្រជុំកំពូលអាស៊ាន លើកទី 40 និង 41 ជាផ្លូវការ

រាជធានីភ្នំពេញ: ថ្ងៃ ទី១១ ខែវិច្ឆិកា ឆ្នាំ២០២២

        

        នៅព្រឹកថ្ងៃសុក្រ ទី១១ ខែវិច្ឆិកា ឆ្នាំ២០២២នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាស៊ាន ក៏ដូចជាមេដឹកនាំកំពូល របស់អាស៊ាន នឹងអញ្ជើញបើកកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ជាផ្លូវការ ដែលពិធីនេះនឹងប្រព្រឹត្តទៅ នៅសណ្ឋាគារសុខាភ្នំពេញ។

 

        សូមបញ្ជាក់ជូនថា បន្ទាប់ពីពិធីបើកកិច្ចប្រជុំកំពូលអាស៊ានជាផ្លូវការហើយនោះ សម្តេចតេជោ ហ៊ុន សែន និងមេដឹកនាំកំពូលរបស់អាស៊ានដទៃទៀត នឹងអញ្ជើញទស្សនាពិព័រណ៍រូបថតបង្ហាញពីការរួមចំណែករបស់កម្ពុជាក្នុងអាស៊ាន ក្រោយពេលក្លាយជាសមាជិកអាស៊ានរយៈពេលប្រមាណ២៣ឆ្នាំកន្លងមកនេះ។

 

បន្ទាប់ពីពិធីទាំងពីរខាងលើនេះទៅ សម្តេចតេជោ ហ៊ុន សែន ព្រមទាំងប្រមុខដឹកនាំរដ្ឋ/រាជរដ្ឋាភិបាលសមាជិកអាស៊ាន នឹងអញ្ជើញចាប់ផ្តើមកិច្ចប្រជុំកំពូលលើកទី៤០ និងកិច្ចប្រជុំកំពូល៤១។

 

        នៅពេលរសៀលថ្ងៃដដែលនោះ សម្តេចតេជោ ហ៊ុន សែន និងមេដឹកនាំអាស៊ាន ព្រមទាំងមេដឹកនាំនៃប្រទេសដៃគូសន្ទនារបស់អាស៊ាន នឹងចាប់ផ្តើមនូវកិច្ចប្រជុំសំខាន់ៗមួយចំនួនទៀតរួមមាន៖ កិច្ចប្រជុំកំពូលអាស៊ាន-ចិន លើកទី២៥,
កិច្ចប្រជុំកំពូលអាស៊ាន-កូរ៉េខាងត្បូង លើកទី២៣ និងកិច្ចប្រជុំកំពូលអាស៊ាន-អង្គការសហប្រជាជាតិលើកទី១២។ ក្រៅតែពីកិច្ចប្រជុំខាងលើទៅ សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញជួបពិភាក្សាការងារទ្វេភាគីជាបណ្តាមេដឹកនាំប្រទេស និងអង្គការអភិវឌ្ឍន៍ ដែលកំពុងមានវត្តមាននៅក្នុងប្រទេសកម្ពុជាផងដែរ។

 

        សូមបញ្ជាក់ថា កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០,៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដែលរៀបចំឡើងជាលើកទី៣ នៅកម្ពុជាក្នុងនាមជាប្រធានប្តូរវេន ត្រូវរៀបចំឡើងចាប់ពីថ្ងៃទី១០ ដល់ ១៣ ខែវិច្ឆិកា ឆ្នាំ២០២២។

 

        ព្រឹត្តិការណ៍កិច្ចប្រជុំកម្រិតកំពូលដែលនឹងប្រព្រឹត្តទៅក្នុងរយៈពេល ៤ថ្ងៃនេះ រួមមាន៖ កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងលើកទី៤១ កិច្ចប្រជុំកំពូលអាស៊ាន-ចិន លើកទី២៥, កិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុន លើកទី២៥, កិច្ចប្រជុំកំពូលអាស៊ាន-សាធារណរដ្ឋកូរ៉េ លើកទី២៣, កិច្ចប្រជុំកំពូលអាស៊ានបូកបី លើកទី២៥ ,កិច្ចប្រជុំកំពូលរំលឹកខួប៣០ឆ្នាំ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-ឥណ្ឌា, កិច្ចប្រជុំកំពូលអាស៊ាន-សហរដ្ឋអាមេរិក លើកទី១០, កិច្ចប្រជុំកំពូលអាស៊ាន-អូស្ត្រាលី លើកទី២, កិច្ចប្រជុំកំពូលរំព្ញកខួបនៃទំនាក់ទំនងអាស៊ាន-កាណាដា និង កិច្ចប្រជុំកំពូលអាស៊ាន-អង្គការសហប្រជាជាតិ និងកិច្ចប្រជុំកំពូលអាស៉ីបូព៌ា (អាស៊ាន១០ ចិន អាមេរិក រុស្ស៉ី ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី ឥណ្ឌា នូវ៉ែលហ្សេឡង់) លើកទី១៧។

 

        សូមបញ្ជាក់ថា ឆ្នាំ២០២២នេះ គឺជាលើកទី៣ហើយ ដែលកម្ពុជាក្លាយជាប្រធានប្តូរវេនរបស់អាស៊ាន បន្ទាប់ពីក្លាយជាសមាជិកនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៩៩។ ក្នុងនាមជាប្រធានប្តូរវេននៅឆ្នាំនេះ កម្ពុជាបានកំណត់យកមូលបទរួមនៃកិច្ចប្រជុំ «អាស៊ានរួមគ្នាធ្វើ៖ ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា»៕

ព័ត៌មាន ថ្មីៗ

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បើកកិច្ចប្រជុំត្រួតពិនិត្យ ផែនការការពារ សន្តិសុខ និង កម្លាំង មធ្យោបាយ បរិក្ខារបំពាក់ ដើម្បីត្រៀមបំពេញបេសកកម្មចំពោះមុខ!
ពិធីប្រណាំង «រទះគោសាឡី» ដើម្បីចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ
សួស្តីឆ្នាំថ្មី! លោក ឧត្តមសេនីយ៍ ម៉េង ស្រ៊ុន មេបញ្ជាការ បានរៀបចំកម្មវិធីដំណើរកម្សាន្តជូនដល់នាយទាហាន នាយទាហានរងទាំងអស់ នៃកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ទៅកាន់ខេត្តព្រះសីហនុ......
សម្តេច ម៉ែន សំអន អញ្ជើញប្រារព្ធពិធីជូនពរ និងអបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នៅខេត្តស្វាយរៀង
លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន បានអញ្ជើញចូលរួមក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារ និងសម្ភោធឆ្លងសមិទ្ធផលនានា ក្នុងវត្តត្រពាំងស្នោរ.....
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ណែនាំឱ្យពង្រឹងមុខងាររបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ស្របតាមការវិវឌ្ឍនៃនគរូបនីយកម្ម ប្រជាសាស្ត្រ និងភូមិសាស្ត្រ