ពិធីប្រកាសចូលកាន់មុខតំណែងជាអភិបាល នៃគណៈអភិបាលក្រុងតាខ្មៅ ខេត្តកណ្ដាល
នាព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២ នេះ ខ្ញុំបានចូលរួមជាអធិបតីក្នុងពីធីប្រកាសចូលកាន់មុខតំណែង អភិបាលនៃគណៈអភិបាលក្រុងតាខ្មៅ ខេត្តកណ្តាល។
គូសបញ្ជាក់ថា លោក ឃឹម សំភារ ឋានន្តរស័ក្កិឧត្តមមន្ត្រី ថ្នាក់លេខ៦ ពីអភិបាលរងនៃគណៈអភិបាលស្រុកខ្សាច់កណ្តាល មកជាអភិបាល នៃគណៈអភិបាលក្រុងតាខ្មៅ ជំនួស លោក នូ សុវណ្ណរ៉ា ឋានន្តរស័កវរមន្រ្តី ថ្នាក់លេខ២ ដែលត្រូវបានផ្ទេរភារកិច្ចឱ្យទៅបម្រើការងារ នៅរដ្ឋបាលខេត្តកណ្តាល។
ខ្ញុំសូមផ្តាំផ្ញើដល់លោកអភិបាលក្រុង ដែលទើបទទួលការតែងតាំងថ្មី ក៏ដូចជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការ កងកម្លាំង ក្នុងរដ្ឋបាលក្រុងតាខ្មៅទាំងមូល ត្រូវបន្តយកចិត្តទុកដាក់លើការងារសំខាន់ៗមួយចំនួនដូចខាងក្រោម៖
១.បន្តជំរុញការអនុវត្តកម្មវិធីកំណែទម្រង់នានារាជរដ្ឋាភិបាលកម្ពុជា ក្នុងនោះរួមទាំងកំណែទម្រង់រដ្ឋបាលសាធារណៈ, កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ កំណែទម្រង់ហិរញ្ញវត្ថុសាធារណៈ និងកំណែទម្រង់ប្រព័ន្ធយុត្តិធម៌ ដើម្បីបង្កើតឡើងនូវកាលានុវត្តភាពថ្មីៗ បន្ថែមទៀត សម្រាប់ជំរុញកំណើនសេដ្ឋកិច្ច និងការកាត់បន្ថយភាពក្រីក្រ ប្រកបដោយសមធម៌ និងចីរភាព។
២.ត្រូវជំរុញការអនុវត្តមុខងារទៅតាមរចនាសម្ព័ន្ធថ្មី ដែលយើងបានធ្វើពិធីប្រកាសដាក់ឱ្យប្រើប្រាស់កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០ កន្លងទៅ ប្រកបដោយប្រសិទ្ធភាព និងអនុលោមតាមស្មារតីនៃអនុក្រឹត្យលេ១៨៤ អនក្រ.បក ចុះថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៩ ស្តីពីមុខងារ និងរចនាសម្ព័ន្ធរដ្ឋបាលក្រុង។
៣.ត្រូវបន្តពង្រឹងនូវរបបប្រជុំ ឱ្យបានទៀងទាត់ ជាពិសេសគឺកិច្ចប្រជុំគណៈអភិបាល និងកិច្ចប្រជុំគណៈបញ្ជាការឯកភាព ដើម្បីធ្វើត្រួតពិនិត្យ តាមដាន និងធ្វើការដោះស្រាយបញ្ហាឱ្យបានទាន់ពេលវេលា។
៤.បន្តរឹតបន្តឹងបញ្ហាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ លុបបំបាត់ឱ្យបានជាអតិបរមានូវបទល្មើសគ្រប់ប្រភេទ ជាពិសេស បញ្ហាល្បែងស៊ីសង បទល្មើសនេសាទ និងបញ្ហាគ្រឿងញៀន ក្មេងទំនើង និងបន្តការអនុវត្តឱ្យបានម៉ឺងម៉ាត់ នូវគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ដែលមានលក្ខណៈសម្បត្តិ៧យ៉ាង របស់រាជរដ្ឋាភិបាល ឱ្យបានល្អប្រសើរ។
៥.បន្ដទប់ស្កាត់ឱ្យបានម៉ឺងម៉ាត់នូវការរំលោភ ទន្ទ្រានយកដីសាធារណៈរបស់រដ្ឋ ហើយរាល់ការចេញលិខិតបញ្ជាក់ការផ្ទេរកម្មសិទ្ធិត្រូវគោរពទៅតាមច្បាប់ និងលិខិតបទដ្ឋានជាធរមាន។
៦.បន្តខិតខំយកចិត្តទុកដាក់លើការងារផ្តល់សេវាសាធារណៈ ដោយត្រូវប្រកាន់យកនូវគោលការណ៍បីជាសំខាន់គឺ ធ្វើឱ្យបាន ធ្វើឱ្យលឿន ធ្វើឱ្យមានតម្លាភាព ហើយត្រូវគោរពទៅតាមតម្លៃសេវាដែលកំណត់ក្នុងច្បាប់។
៧.បន្តយកចិត្តទុកដាក់អនុវត្តនូវសកម្មភាពនានា ដែលបានកំណត់ នៅក្នុងកម្មវិធីជាតិ សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ១០ ឆ្នាំ ដំណាក់កាលទី២ (២០២១-២០៣០) ឱ្យសម្រេចបានតាមគោលដៅ សូចនាករ និងលទ្ធផលរំពឹងទុក ដែលបានកំណត់។
៨.បន្តខិតខំប្រមូលផ្តុំព័ត៌មានស្តីពីតម្រូវការ និងសំណូមពររបស់ប្រជាពលរដ្ឋតាមរយៈការរៀបចំធ្វើវេទិកាសាធារណៈ ការចុះដល់ខ្នងផ្ទះប្រជាពលរដ្ឋ។
៩.បន្តពង្រឹងការគ្រប់គ្រង និងការអភិវឌ្ឍសមត្ថភាពមន្ត្រី ដើម្បីឱ្យស្របទៅតាមការវិវត្តន៍នៃសភាពការណ៍ប្រទេសជាតិ និងទំហំការ ងារ ព្រមទាំងត្រៀមទទួលការផ្ទេរមុខងារពីថ្នាក់ជាតិ។
១០.ត្រូវធានាឱ្យបាននូវឯកភាព សាមគ្គីភាពផ្ទៃក្នុងរដ្ឋបាលក្រុង ជាពិសេសរវាង ក្រុមប្រឹក្សាក្រុង គណៈអភិបាលក្រុង និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ កងកម្លាំងគ្រប់ប្រភេទ។
១១.ត្រូវអនុវត្តឲ្យបានម៉ឺងម៉ាត់នូវវិធានការបង្ការ ការពារ ប្រយុទ្ធប្រឆាំង នឹងជំងឺឆ្លងគ្រប់ប្រភេទ ជាពិសេសគឺ Covid-19 និងជំងឺអុតស្វា(Monkey Pox)។
១២.បន្តយកចិត្តទុកដាក់លើកកម្ពស់សោភ័ណ្ឌភាពរដ្ឋបាលក្រុង សំណល់រឹង រាវ ដោយត្រូវមានយន្តការច្បាស់លាស់ក្នុងការគ្រប់គ្រង និងអនុវត្ត៕