ការយល់ដឹង និងប្រតិបត្តិការ ប្រកបដោយភាពទំនួលខុសត្រូវតាមក្របខ័ណ្ឌវិជ្ជាជីវ: មន្ត្រីនគរបាលចាំបាច់ត្រូវសិក្សារៀនសូត្រអោយបានត្រឹមត្រូវ

(ចេញផ្សាយនៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២០)
 នា​ព្រឹក​ថ្ងៃទី​៩ ខែសីហា ឆ្នាំ​២០២២ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សំណេះសំណាល និង​សួរសុខទុក្ខ សិស្ស​នាយ​នគរបាល សិស្ស​នាយ​នគរបាល​រង វគ្គ​បណ្ដុះបណ្ដាល​កម្រិត​បឋម​វិជ្ជាជីវៈ​នគរបាល ជំនា​ន់ទី​១៥ លើក​ទី​២ នៅ​សាលា​នគរបាល​ភូមិភាគ​២ ខេត្តកំពង់ចាម​។​
 
 
​ក្នុងឱកាស​នោះ​សម្ដេច​ក្រឡាហោម ស ខេង បាន​សម្ដែង​ការកោតសរសើរ និង​ចូលរួម​អបអរសាទរ សាលា​នគរបាល​ជាតិភូមិ​ភាគ​២ ដែល​បាននិងកំពុង​បណ្ដុះបណ្ដាល​មន្ត្រីនគរបាល​ជាតិ និង​សិស្ស​នគរបាល​ក្របខ័ណ្ឌ​ថ្មី ប្រកបដោយ​គុណភាព ដើម្បី​ចូលរួមចំណែក​កសាង​ធនធានមនុស្ស​នគរបាល​ជាតិ និង​មាន​ក្ដី​សង្ឃឹមថា​សាលា​នគរបាល​ជាតិភូមិ​ភាគ​២ នឹង​បន្ត​កិច្ចខិតខំ​ប្រែង​បណ្ដុះបណ្ដាល និង​អភិវឌ្ឍន៍​សាលា​ឱ្យ​កាន់តែ​មានការ​រីកចម្រើន​។​
 
​ក្នុងនាម​រាជរដ្ឋាភិបាល និង​ក្រសួងមហាផ្ទៃ សម្ដេច​ក្រឡាហោម ឧបនាយករដ្ឋមន្ត្រី ក៏បាន​ថ្លែងអំណរគុណ​អភិបាលខេត្ត​ពាក់ព័ន្ធ ដែល​បាន​ចូលរួម​គាំទ្រ​ដល់​ដំណើរ​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​សាលា​នគរបាល​ជាតិភូមិ​ភាគ​២​។ ជាមួយគ្នានេះ សម្ដេច​ក៏បាន​សម្រេច​ជួយ​សាងសង់​អគារសិក្សា​មួយ​ខ្នង​បន្ថែមទៀត​ដែរ ដល់​សាលា​នគរបាល​ជាតិភូមិ​ភាគ​២ ដើម្បី​បំពេញតម្រូវការ​ជាក់ស្ដែង​ដ៏​ចាំបាច់​នៅក្នុង​សាលា​។​​សម្ដេច​បាន​បន្តថា ដើម្បីឱ្យ​នគរបាល​មានការ​យល់ដឹង មាន​វិជ្ជាជីវៈ មានគុណ​វុឌ្ឍិ មានគុណ​ធម៌ និង​ប្រតិបត្តិការ​ប្រកបដោយ​ការទទួលខុសត្រូវ គឺ​ចាំបាច់​ណាស់​ត្រូវតែ​សិក្សា​រៀនសូត្រ​ឱ្យបាន​ត្រឹមត្រូវ ពោលគឺ​អ្នក​ដែល​ត្រូវបាន​ប្រឡង​ជាប់​ជា​មន្ត្រីនគរបាល ត្រូវតែ​ឆ្លងកាត់​វគ្គ​សិក្សា​ជាក់ស្ដែង​វគ្គ​មូលដ្ឋាន​នាពេលនេះ​មាន​រយៈពេល​៤​ខែ​។ សម្ដេច បន្តថា​មន្ត្រីនគរបាល​ដែល​ឆ្លងកាត់​ការរៀនសូត្រ ប្រាកដជា​នឹង​បំពេញភារកិច្ច​បានល្អ​ប្រសើ​រ​ជាង​អ្នក​មិនបាន​រៀនសូត្រ​។​
 
​សម្ដេច​ក្រឡាហោម ក៏បាន​គូសបញ្ជាក់​អំពី​ការខិតខំ​ប្រឹងប្រែង​បង្កើន​ចំនួន​ក្របខ័ណ្ឌ​មន្ត្រីនគរបាល​រំលែក​ទៅឱ្យ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ឃុំ សង្កាត់ ដោយ​បែងចែក​ពី​ការិយាល័យ និង​នាយកដ្ឋាន​នានា​ដែលមាន​បុគ្គលិក​ច្រើន​។ សម្ដេច បន្តថា​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ឃុំ សង្កាត់​នេះ ស្ថិតក្នុង​ចំណោម​តួអង្គ​សំខាន់​ដែល​នៅ​ជិត​ប្រជាពលរដ្ឋ​បំផុត ដូចជា​ក្រុមប្រឹក្សាឃុំ សង្កាត់ ស្មៀន មេភូមិ អនុ​ភូមិ ប៉ុស្តិ៍​សុខភាព និង​គ្រូបង្រៀន​ជាដើម​។​
 
​សម្ដេច​ក្រឡាហោម ក៏បានផ្ដល់​ទស្សនាទាន​ឱ្យ​សិស្ស​នគរបាល​ទាំងអស់ ខិតខំ​សិក្សា​រៀនសូត្រ និង​ត្រៀមខ្លួន​បំពេញភារកិច្ច​ជាក់ស្ដែង និង​សិក្សា​រៀនសូត្រ​បន្ថែម​ពី​ការងារ​ជាក់ស្ដែង ពិសេស​ពាក់ព័ន្ធ​នឹង​ការប្រែប្រួល​នៃ​បទល្មើស​ប្រឈមៗ និង​ថ្មីៗ ដូចជា​គ្រឿងញៀន​ខុសច្បាប់ ការជួញដូរ​មនុស្ស និង​បទល្មើស​បច្ចេកវិទ្យា​ជាដើម​។ សម្ដេច ក៏បាន​សង្កត់ធ្ងន់​អំពី​ភាពចាំបាច់​នៃ​ការផ្សារភ្ជាប់​ការងារ​ទៅនឹង​ជីវភាព​ប្រជាពលរដ្ឋ​ផងដែរ​។​
 
​មុននឹង​បញ្ចប់ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី បានផ្ដល់​អនុសាសន៍​ឱ្យ​សាលា​នគរបាល​ជាតិភូមិ​ភាគ​២ និង​សាលា​ភូមិភាគ​ផ្សេងៗ​ទៀត បន្ត​អនុវត្ត​កំណែទម្រង់​នគរបាលជាតិ​នេះ​ឱ្យបាន​ល្អ​។ សម្ដេច ក៏បាន​គូសបញ្ជាក់ថា​នឹង​បន្ត​អញ្ជើញ​ចុះទៅ​ឱ្យ​គ្រប់​សាលា​នគរបាល​ជាតិភូមិ​ភាគ និង​មានការ​តាំងចិត្ត​ច្បាស់​ហើយ​ថា ក្រសួង​នឹង​កាត់បន្ថយ​ការបញ្ជូន​មន្ត្រី​នគរបាលជាតិ​ថ្នាក់មូលដ្ឋាន ទៅ​រៀន​នៅក្រៅ​ប្រទេស​ឱ្យបាន​១០០​ភាគរយ​៕

ព័ត៌មាន ថ្មីៗ

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បើកកិច្ចប្រជុំត្រួតពិនិត្យ ផែនការការពារ សន្តិសុខ និង កម្លាំង មធ្យោបាយ បរិក្ខារបំពាក់ ដើម្បីត្រៀមបំពេញបេសកកម្មចំពោះមុខ!
ពិធីប្រណាំង «រទះគោសាឡី» ដើម្បីចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ
សួស្តីឆ្នាំថ្មី! លោក ឧត្តមសេនីយ៍ ម៉េង ស្រ៊ុន មេបញ្ជាការ បានរៀបចំកម្មវិធីដំណើរកម្សាន្តជូនដល់នាយទាហាន នាយទាហានរងទាំងអស់ នៃកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ទៅកាន់ខេត្តព្រះសីហនុ......
សម្តេច ម៉ែន សំអន អញ្ជើញប្រារព្ធពិធីជូនពរ និងអបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នៅខេត្តស្វាយរៀង
លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន បានអញ្ជើញចូលរួមក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារ និងសម្ភោធឆ្លងសមិទ្ធផលនានា ក្នុងវត្តត្រពាំងស្នោរ.....
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ណែនាំឱ្យពង្រឹងមុខងាររបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ស្របតាមការវិវឌ្ឍនៃនគរូបនីយកម្ម ប្រជាសាស្ត្រ និងភូមិសាស្ត្រ