មន្ទីរសុរិយោដីខេត្តកណ្តាលបើកវគ្គបណ្ដុះបណ្ដាលគណៈកម្មការរដ្ឋបាលស្ដីពីតួនាទីក្នុងការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធចំនួន៧ភូមិក្នុងឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល

មន្ទីរសុរិយោដីខេត្តកណ្តាលបើកវគ្គបណ្ដុះបណ្ដាលគណៈកម្មការរដ្ឋបាលស្ដីពីតួនាទីក្នុងការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធចំនួន៧ភូមិក្នុងឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល
 ថ្ងៃទី 17 ខែ កក្កដា ឆ្នាំ 2022 
កណ្តាល៖ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តកណ្តាល បានប្រារព្ធពិធីបើកវគ្គបណ្ដុះបណ្ដាលគណៈកម្មការរដ្ឋបាលស្ដីពីតួនាទីក្នុងការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធចំនួន៧ភូមិក្នុងឃុំ ព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្ដកណ្ដាល រួមមាន៖ ភូមិព្រែកតាបែន ភូមិព្រែកថ្មី ភូមិក្រោម ភូមិកណ្តាល ភូមិលើ ភូមិកោះរកា និងភូមិឈើទាល ជូនដល់ មេឃុំ មេភូមិ និងចាស់ព្រឹទ្ធាចារ្យគឺដើម្បីអោយយល់ច្បាស់ពីនីតិវិធីការចុះបញ្ជីដីធ្លី និងយល់ច្បាស់ពីនីតិវិធីច្បាប់ និងចរាចរណ៍ណែនាំតួនាទី និងភារកិច្ចរបស់ខ្លួន ក្នុងការចុះបញ្ជីដីធ្លីមានលក្ខណះជាប្រព័ន្ធ នាព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ ២០២២ ដែលមានទីតាំងស្ថិតក្នុងសាលាស្រុកមុខកំពូល។
 
លោក ទៀង កុស្យារៈ អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តកណ្តាល បានលើកឡើងថា៖គណៈកម្មការដែលទទួលបានវគ្គបណ្តុះបណ្តាលនាថ្ងៃនេះត្រូវត្រងត្រាប់ស្តាប់ និងយកចិត្តទុកដាក់សិក្សារៀនសូត្រ សហការជាមួយមន្រ្តីសុរិយោដីដែលចុះមកវាស់វែងដីជូនប្រជាពលរដ្ឋនៅ ឃុំព្រែកអញ្ចាញនៅថ្ងៃខាងមុខនេះ​អោយទទួលបានជោគជ័យ និងលទ្ធផលល្អប្រសើរ។លោកបន្តថា៖ ការបើកវគ្គបណ្តុះបណ្តាល គណៈកម្មការរដ្ឋបាល ស្ដីពីតួនាទី និងភារៈកិច្ចក្នុងការអនុវត្តនីតិវិធីនៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនេះគឺដើម្បីអោយលោក លោកស្រីដែលជាសិក្ខាកាមបានយល់ច្បាស់ពីនិតិវិធី នៃការកំណត់ចុះវាស់វែងដីជូនប្រជាពលរដ្ឋប្រកបដោយភាពត្រឹមត្រូវ និងដើម្បីអោយប្រជាពលរដ្ឋមានប័ណ្ណកម្មសិទ្ធសំគាល់ដីរបស់ខ្លួន និងកាត់បន្ថយបញ្ហាទំនាស់ដីធ្លីរវាងម្ចាស់ដីដែលនៅជាប់ព្រំជាមួយគ្នា។
 
ជាមួយគ្នានោះលោក ទៀង កុស្យារៈ បានអំពាវនាវដល់លោកមេភូមិ ឃុំ ត្រូវធ្វើការផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋអោយបានគ្រប់ៗគ្នាដោយអោយពួកគាត់រៀបចំនៅឯកសារពាក់ព័ន្ធទាំងអស់ រួមមាន៖ សំបុត្រកំណើត អត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ សៀវភៅស្នាក់នៅ និងឯកសារផ្សេងៗ ដែលជាប់ទាក់ទងក្នុងការវាស់វែងដីនេះដើម្បីងាយស្រួលក្នុងការវាស់វែង និងធ្វើប័ណ្ណកម្មសិទ្ធជូនប្រជាពលរដ្ឋអោយបានឆាប់រហ័ស។
 
លោកបានជំរុញដល់មន្រី្តពាក់ព័ន្ធ និងក្រុមចុះបញ្ជីទាំងអស់ត្រូវខិតខំបន្ថែមទៀតលើការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនេះដើម្បីឈានទៅសម្រេចបានចក្ខុវិស័យរបស់ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់បានដាក់ចេញ។
 
ក្នុងឱកាសនោះ លោក សាន វណ្ណធុល អភិបាលរងស្រុកមុខកំពូល បានមានប្រសាសន៍ថា៖ រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ខ្លាំង លើការងារចុះបញ្ជីដីធ្លីនេះដើម្បីចូលរួមចំណែកក្នុងការបង្កើននូវសុវត្តិភាព នៃការកាន់កាប់ដីធ្លី កាត់បន្ថយបញ្ហាទំនាស់ និងជំរុញអភិវឌ្ឍន៍ទីផ្សារដីធ្លីប្រកបដោយប្រសិទ្ធភាពខ្ពស់ កាត់បន្ថយភាពក្រីក្រ ស្ថេរភាពសង្គម និងការអភិវឌ្ឍន៍សេដ្ឋកិច្ចអោយបានប្រសើរឡើង។លោកបានសំណូមពរដល់អាជ្ញាធរភូមិ ឃុំ ស្រុក ត្រូវធ្វើការផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋត្រូវកំណត់អោយបានច្បាស់លាស់ត្រឹមត្រូវនៅព្រំប្រទល់ដីជាមួយអ្នកជិតខាង និងបោះបង្គោលអោយរឹងមាំ។ជាពិសេសពាក់ព័ន្ធនឹងដីធ្លីនេះត្រូវអោយបងប្អូនប្រជាពលរដ្ឋត្រៀមនៅ អត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ សៀវភៅស្នាក់នៅ សំបុត្រកំណើត សំបុត្របញ្ជាក់អាពាហ៍ពិពាហ៍ សំបុត្រមរណៈភាព លិខិតបញ្ជាក់ដីធ្លី បណ្តាំមរតក រឺសាក្រមតុលាការជាដើមដើម្បីអោយក្រុមការងារងាយស្រួលក្នុងការចុះវាស់វែង។
 
លោកអភិបាលរងស្រុកបានរំលឹកដល់គណកម្មការរដ្ឋបាល​ដែលមានសមាសភាព​ ឃុំ​ ភូមិ ត្រូវពិនិត្យអោយបានត្រឹមត្រូវនូវ​តួលេខ​ដីរដ្ឋ​ សាលារៀន​ វត្ត​ បឹង​ ព្រែក​ ដែលមាននៅក្នុងមូលដ្ឋាន​ដេីម្បីនៅពេលដែលប្រកាសតំបន់វិនិច្ឆយ័ក្នុងឃុំ​ ត្រូវកំណត់អោយច្បាស់លាស់​ថាតេីមានផ្ទៃដីប៉ុន្មានត្រូវចូលក្នុងបញ្ជី​ ផ្ទៃដីប៉ុន្មានដែលត្រូវត្រៀមធ្វេីការអភិវឌ្ឍន៏ក្នុងឃុំតាមផែនការរបស់ស្រុកនាពេលខាងមុខ៕

ព័ត៌មាន ថ្មីៗ

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បើកកិច្ចប្រជុំត្រួតពិនិត្យ ផែនការការពារ សន្តិសុខ និង កម្លាំង មធ្យោបាយ បរិក្ខារបំពាក់ ដើម្បីត្រៀមបំពេញបេសកកម្មចំពោះមុខ!
ពិធីប្រណាំង «រទះគោសាឡី» ដើម្បីចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ
សួស្តីឆ្នាំថ្មី! លោក ឧត្តមសេនីយ៍ ម៉េង ស្រ៊ុន មេបញ្ជាការ បានរៀបចំកម្មវិធីដំណើរកម្សាន្តជូនដល់នាយទាហាន នាយទាហានរងទាំងអស់ នៃកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ទៅកាន់ខេត្តព្រះសីហនុ......
សម្តេច ម៉ែន សំអន អញ្ជើញប្រារព្ធពិធីជូនពរ និងអបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នៅខេត្តស្វាយរៀង
លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន បានអញ្ជើញចូលរួមក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារ និងសម្ភោធឆ្លងសមិទ្ធផលនានា ក្នុងវត្តត្រពាំងស្នោរ.....
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ណែនាំឱ្យពង្រឹងមុខងាររបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ស្របតាមការវិវឌ្ឍនៃនគរូបនីយកម្ម ប្រជាសាស្ត្រ និងភូមិសាស្ត្រ