សមត្ថកិច្ចព្រៃឈើចុះបង្ក្រាបឈើប្រណិតប្រភេទធ្នង់ជាច្រើនកំណាត់ដែលចូលទៅលាក់នៅផ្ទះប្រជាពលរដ្ឋទុកលក់អោយឈ្មួញឈើធំក្នុងស្រុកជ័យសែន
ថ្ងៃចេញផ្សាយៈ July 15, 2022
ខេត្តព្រះវិហារ៖ សមត្ថកិច្ចព្រៃឈើចុះចាប់ឈើប្រណិតប្រភេទធ្នង់ដែលក្រុមឈ្មួញតូចតាចជញ្ជូនឈើតាមគោរយន្តកន្ត្រៃមកទម្លាក់នៅតាមផ្ទះប្រជាជនក្នុងស្រុកជ័យសែន ទុកលក់អោយឈ្មួញឈើធំក្នុងស្រុក ដើម្បីយកទៅចែកចាយរឺលក់បន្ត។ ហេតុការណ៍ចុះបង្ក្រាបនិងរឹបអូសឈើទាំងនេះបានធ្វើឡើងនៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២ ស្ថិតក្នុងភូមិសេដ្ឋកិច្ច ឃុំឈានមុខ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ ។
ជាក់ស្តែង ឈើប្រណិតប្រភេទធ្នង់ជាច្រើនដុំក្នុងស្រុកជ័យសែន ត្រូវគេបង្ក្រាបបានត្រឹមតែជាង២០ដុំ ប៉ុណ្ណោះ ចំណែកទីតាំងផ្សេងទៀត ដែលនៅក្នុងស្រុកមួយនេះពុំត្រូវគេឃើញចុះបង្ក្រាបនៅឡើយ។
ពាក់ព័ន្ធប្រតិបត្តិការចុះចុះបង្ក្រាបនេះ ដឹកនាំកម្លាំងដោយនាយសង្កាត់រដ្ឋបាលព្រៃឈើត្បែងមានជ័យ លោក សុង បញ្ញា ក្រោមបញ្ជាពីលោក វង្ស វិសិដ្ឋ នាយផ្នែករដ្ឋបាលព្រៃឈើត្បែងមានជ័យ និងក្រោមការអនុញ្ញាតពី នាយខណ្ឌរដ្ឋបាលព្រៃឈើព្រះវិហារ លោក នួន សុខុម បន្ទាប់ពីបានការឯកភាពពីលោកតំណាងអយ្យការ សាលាដំបូងខេត្តព្រះវិហារ។
ឈើប្រភេទធ្នង់ដែលបង្ក្រាបបានប្រមាណជា២០ដុំ វែងនឹងខ្លីនោះ មន្ត្រីរដ្ឋបាលព្រៃឈើបានរឹបអូសយកទៅរក្សាទុកនៅផ្នែករដ្ឋបាលព្រៃឈើត្បែងមានជ័យ ដើម្បីធ្វើការវាស់វែងនិងក៏កសាងសំណុំរឿងបន្តតាមនីតិវិធី។
ចំណែករថយន្តឈ្មួញឈើម៉ាកកាមរីហើម១គ្រឿង ពណ៌ស្លែចាស់ ពាក់ស្លាកលេខ ភ្នំពេញ 2E-7849 ដែលសកម្មក្នុងការដឹងជញ្ជូនឈើល្មើសច្បាប់ គ្រប់ទិសទីក្នុងស្រុកជ័យសែន និងស្រុករវៀង ខេត្តព្រះវិហារ ប្រជាពលរដ្ឋសំណូមពរដល់អាជ្ញាធររួមទាំងសមត្ថកិច្ចពាក់ព័ន្ធជួយបង្ក្រាបផង ព្រោះរថយន្តមួយគ្រឿងនេះបានបង្ករសកម្មភាពដឹកបទល្មើសព្រៃឈើខុសច្បាប់ជាប្រចាំថ្ងៃនៅក្នុងមូលដ្ឋានស្រុកទាំងពីរនេះ៕